• 柬埔寨资讯

គ្រោះថ្នាក់លើផ្លូវល្បឿនលឿន ភាគច្រើនកើតឡើង…

作者:霸道式女子 2024-10-8 12:30 779 人关注

លោក ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូនបានលើកឡើង​ថា…

លោក ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូនបានលើកឡើង​ថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​តែងតែ​កើត​ឡើង​លើ​ផ្លូវ​ល្បឿន​លឿន (ភ្នំពេញ-ព្រះសីហនុ) ភាគច្រើនបណ្ដាល​មកពី​ការ​បើកបរ​លើស​ល្បឿន​​កំណត់និង​ការ​ធ្វេសប្រហែស​របស់​អ្នកបើកបរផ្ទាល់។

លោកបានឱ្យដឹងថា ការ​បើកបរ​លើស​ល្បឿន​កម្រិត​កំណត់និង​ការ​ធ្វេស​ប្រហែស​មិន​គោរព​តាម​ការ​ណែនាំ​ពី​របៀប​បើកបរ គឺជា​បញ្ហា​ចម្បងដែលបណ្តាលឱ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន ហើយនៅពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់អ្នកបើកបរខ្លួនឯងទេ ថែមទាំងបានបង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃនិងធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ក្រុមហ៊ុនទៀតផង។

ជាក់ស្ដែងកាលពីម៉ោង ៣ និង ៣៨ នាទីរសៀល​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ ២០២៤ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយបានកើតឡើងលើផ្លូវល្បឿនលឿ​ន ដែលបង្កដោយ​រថយន្ត​ម៉ាក ESCALADE ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ ភ្នំពេញ 2CE-0567 ​បើកបរដោយបុរសជនជាតិចិន​ឈ្មោះ XIONG YONGZHOU អាយុ ៣២ ឆ្នាំ ធ្វើដំណើរ​ក្នុង​ទិសដៅពី​ព្រះសីហនុ​ទៅ​ភ្នំពេញ ដោយបានបើកបរក្នុង​ល្បឿន​លឿនក្នុង​ពេល​មេឃ​កំពុង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ត្រង់​ចំណុច​ផ្លូវ​កោង នៅ​ចំណុច​គីឡូម៉ែត្រ K141+700 ភូមិ​ឬទ្ធី ១ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ រថយន្តនេះបាន​រអិល​ជ្រុល​ចង្កូត​បុក​រនាំង​ការពារ​ទ្រូងផ្លូវ ហើយ​ខ្ទាត​ចូល​ចំណែក​ផ្លូវ​ក្នុង​ទិសដៅ​ភ្នំពេញ​ទៅ​ព្រះសីហនុ បុកពេញទំហឹងនឹងរថយន្ត​មួយ​គ្រឿងម៉ាក FORD RANGER ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ ភ្នំពេញ 2BI-0565 បើកបរដោយជនជាតិខ្មែរ ​ឈ្មោះ មិត្ត ប៊ុន អាយុ ៤៨ ឆ្នាំ ដែលកំពុង​ធ្វើដំណើរ​ក្នុង​ទិសដៅ​ភ្នំពេញ​ទៅ​ព្រះសីហនុ។ ជាសំណាងល្អ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិន​បណ្ដាលឱ្យ​មាន​មនុស្សស្លាប់ឬរង​របួស​ឡើយ ប៉ុន្តែ​រថយន្ត​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុងនិង​របាំង​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​ជាច្រើន​ម៉ែត្រ​ផង​ដែរ។

ក្នុង​រយៈពេល ៣ ថ្ងៃនា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ចំនួន ៦ ករណី (មិន​មាន​ករណី​ស្លាប់​ទេ) តិច​ជាង​ឆ្នាំ២០២៣ ចំនួន ១ ករណី។

ក្រសួង​សាធារណការនិង​ដឹកជញ្ជូនបាន​អំពាវនាវ​ដល់​អ្នក​បើកបរលើផ្លូវល្បឿនលឿនគ្រប់រូបឱ្យ​មាន​ស្មារតី​ប្រុងប្រយ័ត្ន គោរព​ការ​បញ្ជា​ចរាចរណ៍ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​មើល​ផ្ទាំង LED ដែល​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុបាន​ជូនដំណឹងជាសារ​ដាស់តឿននិង​ព័ត៌មាន​ផ្សេងៗ៕


路过

雷人

握手

鲜花

鸡蛋
原作者: 霸道式女子 来自: https://www.jianhuadaily.com/20241006/258277