• 柬埔寨资讯

ក្រសួងអប់រំបានត្រៀមរួចរាល់ សម្រាប់ការប្រឡងបាក់ឌុប នៅថ្ងៃទី៨ តុលា ២០២៤

作者:舍弃你独行 2024-10-8 12:30 362 人关注

ក្រសួងអប់រំ យុវជន និង កីឡាកម្ពុជាបានត្រៀមលក្ខណៈ រួចរាល់សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ…

ក្រសួងអប់រំ យុវជន និង កីឡាកម្ពុជាបានត្រៀមលក្ខណៈ រួចរាល់សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ស្អែកនេះ។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា

ក្រសួងអប់រំបានឱ្យដឹងថា ហឹបវិញ្ញាសាប្រឡងបាក់ឌុបទាំងអស់ត្រូវបានដឹកជញ្ជូនទៅរក្សាទុកនៅតាមបណ្ដារាជធានី-ខេត្តរួចរាល់ដោយសុវត្ថិភាព សម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៨ តុលា ២០២៤។ ក្នុងដំណើរការនៃការទុកដាក់ហឹបវិញ្ញាសានេះ មានការចូលរួមពិនិត្យយ៉ាងហ្មត់ចត់ដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគ គណៈកម្មការអប្បមាទទូទាំងប្រទេស អនុគណៈកម្មការអប្បមាទទូទាំងប្រទេស ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បីរក្សាបាននូវស្តង់ដានៃការប្រឡងប្រកបដោយប្រសិទ្ធភាពខ្ពស់។

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំណែនាំគណៈមេប្រយោគប្រចាំរាជធានីភ្នំពេញ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានណែនាំគណៈមេប្រយោគនិងបុគ្គលិកទាំងអស់បន្តគោរពបទប្បញ្ញត្តិក្រសួងឱ្យបានល្អអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាដល់ការប្រឡងឱ្យមានភាពរលូននិងតម្លាភាព។

សូមរម្លឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤ មានកាលបរិច្ឆេទសំខាន់ៗដូចខាងក្រោម៖

  • ដំណើរការសំណេរប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៤
  • ដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៧ ខែតុលា ឆ្នាំ២០២៤
  • ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រនិងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២៨ ខែតុលា ឆ្នាំ២០២៤
  • ក្រសួងកំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀលសម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញនិងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។

ហឹបវិញ្ញាសាប្រឡងធម្យមសិក្សាទុតិយភូមិសម័យប្រឡង ៨ តុលា ២០២៤

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)។

បេក្ខជនត្រូវបានរៀបចំចំនួន ២៥ នាក់ក្នុងមួយបន្ទប់ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្តលើកលែងតែបន្ទប់ចុងក្រោយនិងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។

មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៣ មណ្ឌល ត្រូវជា ១ ៦០២ បន្ទប់និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១ បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន ១០ មណ្ឌល ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ។

វិញ្ញាសាទាំងអស់ ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និង គ្រប់គ្រងដោយក្រសួងអប់រំ យុវជន និង កីឡា។ វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រនិងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងថ្នាក់នីមួយៗមាន ៧ មុខវិជ្ជា។ ទម្រង់វិញ្ញាសាត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀននិងទម្រង់វិញ្ញាសាដែលត្រូវចែកជូនបេក្ខជន។

ហឹបវិញ្ញាសាប្រឡងធម្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ត្រូវបានបញ្ជូនទៅកាន់គ្រប់រាជធានី-ខេត្តរួចរាល់

គណៈមេប្រយោគនិងគណៈកម្មការនានាដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាលមានចំនួនសរុប ២៩ ៧៦០ នាក់ មកពីថ្នាក់ក្រសួងមានចំនួន ៣ ៩៣៣ នាក់និងមកពីថ្នាក់រាជធានី-ខេត្តមានចំនួន ២៥ ៨២៧ នាក់ ក្នុងនោះដំណើរការសំណេរមានចំនួន ១៨ ៧២៤ នាក់មកពីថ្នាក់ក្រសួងចំនួន ៦១៨ នាក់និងមកពីថ្នាក់រាជធានី-ខេត្តមានចំនួន ១៨ ១០៦ នាក់។

ដំណើរការកំណែមានចំនួន ១០ ៣១៤ នាក់ មកពីថ្នាក់ក្រសួងចំនួន ២ ៥៩៣ នាក់និងមកពីថ្នាក់រាជធានី-ខេត្តមានចំនួន ៧ ៧២១ នាក់។ ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រនិងផ្ទៀងផ្ទាត់ពិន្ទុមានចំនួន ៧២២ នាក់ មកពីថ្នាក់ក្រសួងទាំងអស់។

សូមបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងត្រូវប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ទាំង៤នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផលទទួលយកបាន ពោលគឺ «អ្នកចេះគឺជាប់»៕


路过

雷人

握手

鲜花

鸡蛋
原作者: 舍弃你独行 来自: https://www.jianhuadaily.com/20241006/258272