• 柬埔寨资讯

ត្រឹមដើមខែតុលា សមាជិកបេឡាជាតិសន្តិសុខ សង្គមកើនឡើងជាង ២,៥ លាននាក់

作者:眼泪笑我愚昧 2024-10-8 20:30 697 人关注

គិត​ត្រឹម​ដើមខែ​តុលា ឆ្នាំ២០២៤ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.)…

គិត​ត្រឹម​ដើមខែ​តុលា ឆ្នាំ២០២៤ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារនិង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​សមាជិក​របស់​ខ្លួន​កើន​ឡើង​ដល់ ២ ៥៤៣ ៨៧០ នាក់ (​ស្រី ១ ៤១៣ ០១១ នាក់​)។ នេះបើយោងតាមលោក កត្តា អ៊ន រដ្ឋលេខាធិការនិង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារនិង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

លោក កត្តា អ៊ន បានឱ្យដឹងថា ក្នុងចំណោម​សមាជិក​សរុប​ជាង ២,៥ លាន​នាក់នេះ មានបុគ្គល​ស្ថិត​ក្នុង​វិស័យ​សាធារណៈចំនួន ៤៨២ ៥៧៧ នាក់ បុគ្គល​ក្រោម​បទប្បញ្ញត្តិ​ច្បាប់​ស្ដីពី​ការងារចំនួន ១ ៥៨១ ៩៨៨ នាក់​ បុគ្គល​ស្វ័យ​និ​យោជន៍ចំនួន ៣៦២ ៣៥៥ ​នាក់ និង ​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​. ចំនួន ១១៦ ៩៥០ នាក់។

លោក​បាន​បញ្ជាក់​លម្អិត​ថា ចំនួន​សមាជិក ប​.​ស​.​ស​. ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ជា​កាតព្វកិច្ច​មាន​កម្មករ-និយោជិត មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង ​អតីត​យុទ្ធជន និង​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត មាន​បុគ្គល​ស្វ័យ​និ​យោជន៍និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ក្នុង​ឆ្នាំ២០២៤នេះ ដែល​នេះបង្ហាញ​ថា ប្រជាពលរដ្ឋ​កាន់តែ​ជឿ​ទុកចិត្តនិង​យល់ដឹង​ច្បាស់​ពី​អត្ថប្រយោជន៍របស់ ប​.​ស​.​ស​.។

លោកបាន​លើក​ឡើង​ថា ចាប់តាំងពីសម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ ប​.​ស​.​ស​. ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទានដោយ​ស្ម័គ្រចិត្តកាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣មក ក្រុមការងារនៃ​ក្រសួង​ការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈបាននិងកំពុង​ចុះ​ផ្សព្វផ្សាយ​តាម​រាជធានី-ខេត្ត និង​ចុះ​យុទ្ធនាការ​ផ្ទាល់​តាម​រោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និង ​ទីប្រជុំជន​យ៉ាងសកម្ម​នៅ​រាជធានី-ខេត្ត​ទូទាំង​ប្រទេស រួម​នឹង​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ផ្លូវការ Facebook Telegram YouTube TikTok និង​តាមរយៈអ្នកមាន​ប្រជាប្រិយភាព​ក្នុង​បណ្ដាញ​សង្គម​យ៉ាង​ផុសផុលផងដែរ។

បន្ថែម​ពីនេះ ប​.​ស​.​ស​. ក៏​ទទួល​កុមារ​ចូល​ជា​សមាជិក​ផងដែរ ក្នុងនោះ​សម្រាប់​កុមារ​ «​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​.» ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពេល​ក្លាយជា​សមាជិក ប​.​ស​.​ស ដូចជាការព្យាបាលនិង​ថែទាំ​វេជ្ជសាស្ត្រដោយ​ឥតគិតថ្លៃ​នៅ​គ្រប់​មន្ទីរពេទ្យ​ដៃគូ ប​.​ស​.​ស​. ទូទាំងប្រទេស ទាំង​មន្ទីរពេទ្យ​សាធារណៈនិង​ឯកជន ក្នុងនោះដែរ បើសិនជាបើ​កុមារ​ជួប​គ្រោះថ្នាក់និង​ជំងឺ​ជា​អកុសល​រហូតដល់​ស្លាប់​បាត់បង់​ជីវិត ​ប​.​ស​.​ស​. នឹង​ផ្តល់​ប្រាក់​វិភាជន៍​បូជាសព​ផង​ដែរ។ ការអនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​លើ​កុមារគឺជា​ការ​គិតគូរ​ដល់​សុខុមាលភាព​របស់​កុមារ ជាពិសេស​ជួយ​ឱ្យ​សុខភាព​របស់​កុមារ​ល្អ​ប្រសើរ​ជាង​មុន ដែល​អាច​ជួយ​ទៅដល់​ធនធានមនុស្ស​ប្រកបដោយ​សក្ដានុពល​ភាព​នា​ពេល​អនាគត៕


路过

雷人

握手

鲜花

鸡蛋
原作者: 眼泪笑我愚昧 来自: https://www.jianhuadaily.com/20241007/258343