• 柬埔寨资讯

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ដ៏មានតម្លៃ…

作者:那情冭深 2024-10-11 12:30 844 人关注

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្រោមមូលបទ “អាស៊ាន៖…

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និង ភាពធន់” បានប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដឹកនាំដោយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។ ក្នុងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់នូវអនុសាសន៍ដ៏មានតម្លៃនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤បានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ ក្នុងកិច្ចប្រជុំពេញអង្គ ប្រមុខដឹកនាំបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានក្នុងការជំរុញវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន និងបានផ្លាស់ប្តូរទស្សនៈស្តីពីទិសដៅអនាគតនៃទំនាក់ទំនងជាមួយដៃគូខាងក្រៅអាស៊ាន។

ប្រមុខដឹកនាំបានថ្លែងកោតសរសើរចំពោះការងាររបស់ក្រុមការងារជាន់ខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងភាគីពាក់ព័ន្ធនានា ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រដើម្បីអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងទន្ទឹងរង់ចាំការអនុម័តឯកសារសំខាន់ៗទាំងនេះនៅពេលដែលប្រទេសម៉ាឡេស៊ីធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៥។ ក្នុងន័យនេះ ប្រមុខដឹកនាំបានអនុម័តសេចក្តីប្រកាសរបស់ប្រមុខដឹកនាំអាស៊ានស្តីពីការអភិវឌ្ឍផែនការយុទ្ធសាស្ត្រដើម្បីអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។

ពាក់ព័ន្ធទំនាក់ទំនងជាមួយដៃគូខាងក្រៅអាស៊ាន ប្រមុខដឹកនាំបានអះអាងសាជាថ្មីអំពីសារៈសំខាន់នៃការលើកកម្ពស់និងពង្រឹងមជ្ឈភាពនិងឯកភាពអាស៊ាននៅក្នុងបរិបទនិម្មាបនកម្មតំបន់ ដែលកំពុងតែវិវត្តនិងទិដ្ឋភាពភូមិសាស្ត្រនយោបាយដែលមិនច្បាស់លាស់។ ប្រមុខដឹកនាំក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ាននិងដៃគូខាងក្រៅផ្សេងទៀតលើបញ្ហាដែលជាផលប្រយោជន៍និងកង្វល់រួម ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និង វិបុលភាពក្នុងនិងក្រៅតំបន់។

សម្តេចមធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីអំពីការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជាចំពោះអាទិភាពរបស់ឡាវដែលជាប្រធានអាស៊ាន ជាពិសេសការពង្រឹងការតភ្ជាប់ និងភាពធន់ដែលឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅជាមួយនឹងសេចក្តីប្រាថ្នានិងចក្ខុវិស័យរួមរបស់អាស៊ាន ដើម្បីសម្រេចបាននូវតំបន់អាស៊ីអាគ្នេយ៍មួយដែលរឹងមាំប្រកបដោយវិបុលភាពនិងមានភាពសមាហរណកម្ម។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា ចំពោះការប្រឈមមុខនឹងភាពស្មុគស្មាញនិងភាពមិនច្បាស់លាស់ ដែលកាន់តែខ្លាំងឡើងដោយបញ្ហាសន្តិសុខប្រពៃណីនិងមិនប្រពៃណី ការឆ្លើយតបរួមរបស់អាស៊ាន ត្រូវតែមានភាពបុរេសកម្ម ការប្រមើលមើលគិតទុកជាមុននិងមានលក្ខណៈជាយុទ្ធសាស្ត្រ ដើម្បីត្រៀមខ្លួនប្រកបដោយភាពធន់ទៅនឹងអនាគត។ អាស៊ានគួរតែរក្សាការប្តេជ្ញាចិត្តចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានលក្ខណៈសេរី បើកចំហ បរិយាប័ន្ន យុត្តិធម៌ និង តម្លាភាព។ ទន្ទឹមនឹងនោះ សម្តេចធិបតីក៏បានអំពាវនាវឱ្យអាស៊ានពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងចំណោមប្រទេសសមាជិកនិងជាមួយដៃគូអាស៊ាន។ ដើម្បីរក្សាអាស៊ានជាកម្លាំងចលករសម្រាប់វិបុលភាពពិភពលោក សម្តេចធិបតីបានគូសបញ្ជាក់ថា អាស៊ានគួរតែប្រើប្រាស់សក្តានុពលដ៏ធំនៃវិស័យដែលកំពុងរីកចម្រើន ដូចជាសេដ្ឋកិច្ចឌីជីថល អន្តរកាលបៃតង សេដ្ឋកិច្ចពណ៌ខៀវ និង ខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់ ដើម្បីបន្តទទួលបាននូវកំណើនខ្ពស់ប្រកបដោយនិរន្តរភាព។

ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតីក៏បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់កម្ពុជាឱ្យទីម័រខាងកើតក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានឱ្យបានឆាប់បំផុត និងបានបញ្ជាក់ការគាំទ្រចំពោះវិធីសាស្ត្រជាក់ស្តែងឬប្រកបដោយភាពច្នៃប្រឌិតណាមួយដែលអាចជួយសម្រេចបាននូវគោលដៅនេះ។ សម្តេចធិបតីបានស្វាគមន៍ការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីប្រទេសក្រៅតំបន់ចំពោះការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) និងបានលើកសាជាថ្មីអំពីសារៈសំខាន់នៃការស្វាគមន៍ដៃគូទាំងឡាយណាដែលចង់បង្កើតទំនាក់ទំនងជាមួយអាស៊ានដោយផ្អែកលើគោលការណ៍នៃការគោរពគ្នា ការទុកចិត្តគ្នា និង ការផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក។

នៅក្នុងសម័យប្រជុំចង្អៀត ប្រមុខដឹកនាំបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចស្តីពីមីយ៉ាន់ម៉ា និងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍និងកង្វល់រួម។

នៅក្នុងជំនួបរវាងប្រមុខដឹកនាំអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន (AIPA) សម្តេចធិបតីបានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការលើកកម្ពស់និងថែរក្សានូវសន្តិភាពដែលមានស្រាប់និងសន្តិសហវិជ្ជមានរវាងរដ្ឋ នៅខណៈដែលមានការងើបឡើងនូវជម្លោះហិង្សានៅតាមតំបន់នានានៃពិភពលោក និងនិន្នាការកើនឡើងនូវនយោបាយជ្រុលនិយមនិងប្រជានិយម។

សម្តេចធិបតីក៏បានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់រដ្ឋាភិបាលនិងស្ថាប័នសភា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ឧស្សាហកម្មដែលកំពុងលេចឡើងថ្មី រួមមានសេដ្ឋកិច្ចឌីជីថលនិងអន្តរកាលបៃតង និងការដាក់ចេញនូវក្របខណ្ឌច្បាប់ប្រកបដោយប្រសិទ្ធភាព ដែលអាចជួយតំបន់យើងឱ្យទាញផលពីសក្តានុពលដ៏អស្ចារ្យនៃវិស័យទាំងនេះ។

នៅក្នុងជំនួបរវាងប្រមុខដឹកនាំអាស៊ានជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន សម្តេចធិបតីបានសង្កត់ធ្ងន់លើសារៈសំខាន់អំពីការបន្តធ្វើកិច្ចសហការរវាងវិស័យសាធារណៈនិងវិស័យឯកជនរបស់អាស៊ាន ដើម្បីគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅខណៈដែលលម្ហថវិកាមានកម្រិត និងលើកទឹកចិត្តឱ្យមានកិច្ចសហការបន្ថែមទៀតនៅក្នុងផ្នែកតភ្ជាប់ក្នុងតំបន់ បរិវត្តកម្មឌីជីថល និង អន្តរកាលបៃតង។

ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនអង្គប្រជុំថា កម្ពុជាទើបតែបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុភារកម្ម កាលពីដើមឆ្នាំ២០២៤ និងបានស្នើវិស័យឯកជនពិចារណាអំពីឱកាសដ៏គួរឱ្យទាក់ទាញនេះ។

សម្តេចធិបតីក៏បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់វិស័យឯកជន ក្នុងការរួមចំណែកដល់ការរីកចម្រើនដ៏ឆាប់រហ័សនៃសេដ្ឋកិច្ច និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជនក្នុងតំបន់៕


路过

雷人

握手

鲜花

鸡蛋
原作者: 那情冭深 来自: https://www.jianhuadaily.com/20241010/258749