• 柬埔寨资讯

ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន៖ ការប្រយុទ្ធប្រឆាំងល្បែងអនឡាញ…

作者:百阙情话 2024-10-14 12:30 172 人关注

នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅស្ថានទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន (Wang Wenbin)…

នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅស្ថានទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានធ្វើសន្និសីទសារព័ត៌មានស្តីពីលទ្ធផលលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិនចូលរួមកិច្ចប្រជុំមេដឹកនាំកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា និងជំនួបទ្វេភាគីរវាងលោក លី ឈាង និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានៅក្នុងសន្និសីទសារព័ត៌មាន ១១ តុលា ២០២៤

លោក វ៉ាង វិនពីន លើកឡើងថា នេះជាលើកទី២ហើយដែលលោក លី ឈាង បានចូលរួមកិច្ចប្រជុំមេដឹកនាំកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាបន្ទាប់ពីលោកចូលកាន់តំណែងជានាយករដ្ឋមន្ត្រីចិន កិច្ចប្រជុំនេះទទួលបានលទ្ធផលគួរជាទីកត់សម្គាល់ ជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ឱ្យឈានឡើងមួយកម្រិតថែមទៀត។ លោក លី ឈាង និងថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ានបានប្រកាសរួមគ្នាអំពីការបញ្ចប់ដោយជាក់ស្តែងនូវកិច្ចចរចាលើតំបន់ពាណិជ្ចកម្មសេរីចិន-អាស៊ាន 3.0 ដែលនេះជាលទ្ធផលដ៏សំខាន់នៃសមាហរណកម្មសេដ្ឋកិច្ចតំបន់ ដើម្បីផ្តល់នូវរបាំងការពារដល់ភាគីទាំងពីរក្នុងការកសាងរួមគ្នានូវទីផ្សារដែលមានទ្រង់ទ្រាយដ៏ធំពិសេសមួយ វាបង្ហាញពីការគាំទ្រដោយឥតងាករេរបស់ភាគីទាំងពីរចំពោះពហុភាគីនិយមនិងពាណិជ្ជកម្មសេរី។

ទន្ទឹមនឹងនេះ លោក លី ឈាង និងមេដឹកនាំអាស៊ានក៏បានប្រកាសនូវឯកសារលទ្ធផលពាក់ព័ន្ធជាច្រើន រួមមានការប្រយុទ្ធប្រឆាំងនឹងល្បែងអនឡាញនិងការបោកប្រាស់តាមប្រព័ន្ធអេឡិចត្រូនិក ជំរុញការអភិវឌ្ឍកសិកកម្មឆ្លាតវៃ កសាងកិច្ចសហប្រតិបត្តិការអេកូឡូស៊ីឌីជីថល និងធ្វើឱ្យកាន់តែស៊ីជម្រៅលើវិស័យវប្បធម៌និងការផ្លាស់ប្តូរប្រជាជននិងប្រជាជនប្រកបដោយចីរភាព។ សមិទ្ធផលទាំងនេះនឹងជួយពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យរវាងកម្ពុជានិងចិនឱ្យកាន់តែស្អិតល្មួតថែមមួយកម្រិតទៀត ដើម្បីបង្កើតនូវកាលានុវត្តភាពថ្មីៗសម្រាប់ការអភិវឌ្ឍរួមគ្នានិងទំនាក់ទំនងមិត្តភាពរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។

លោក វ៉ាង វិនពីន បានសង្កត់ធ្ងន់ថា កិច្ចប្រជុំលើកនេះបានដាក់បញ្ចូលនូវកម្លាំងចលករថ្មីសម្រាប់ការកសាងសហគមន៍វាសនារួមចិន-អាស៊ានឱ្យកាន់តែរឹងមាំ។ ភាគីទាំងសងខាងបានឯកភាពយកការបញ្ចប់នូវកិច្ចចរចាតំបន់ពាណិជ្ជកម្មសេរី 3.0 ជាឱកាសមួយក្នុងការពង្រឹងការតភ្ជាប់រវាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយ ផ្លូវមួយ” និងយុទ្ធសាស្ត្រអភិវឌ្ឍរបស់បណ្តាប្រទេសអាស៊ាន ធ្វើឱ្យកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ថាមពល វិនិយោគ និង ការកសាងហេដ្ឋារចនាសម្ព័ន្ធកាន់តែស៊ីជម្រៅ ហើយរួមគ្នាប្រយុទ្ធប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន។

ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីចិន លោក លី ឈាង នៅប្រទេសឡាវ

នៅក្នុងជំនួបនោះ ភាគីចិនបានប្រកាសផ្តល់ជំនួយឥតសំណង ៣០០ លានយ័ន (ប្រមាណជិត ៤៣ លានដុល្លារអាម៉េរិក) ដើម្បីពង្រឹងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ដែលនេះគឺជាការបង្ហាញសញ្ញាមួយទៅកាន់តំបន់និងឆាកអន្តរជាតិ ដើម្បីបញ្ជាក់ច្បាស់ថាចិននិងកម្ពុជានឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពទ្វេភាគី ហើយលំហនៃកិច្ចសហប្រតិបត្តិការនាពេលអនាគតនឹងកាន់តែធំទូលាយ ហើយក៏នឹងទទួលបាននូវលទ្ធផលកាន់តែប្រសើរដែរ។

លោកបានថ្លែងថា ចិននៅតែជាប្រទេសដែលគាំទ្រ ចូលរួម និង ថែរក្សាដោយឥតងាករេចំពោះកិច្ចសហប្រតិបត្តិការតំបន់អាស៊ីបូព៌ា ដោយបង្ហាញពីគោលការណ៍ប្រកាន់យកនូវការរក្សាទំនាក់ទំនងមិត្តភាពល្អជាមួយអ្នកជិតខាង ស្មោះត្រង់គ្នាទៅវិញទៅមក អភិវឌ្ឍរួមគ្នានិងបើកចំហដោយបរិយាបន្ន។ លោកមានប្រសាសន៍ថា ស្ថានការណ៍ជារួមក្នុងតំបន់បានឈានទៅរកភាពប្រសើរឡើង ប៉ុន្តែទន្ទឹមនឹងនេះក៏ប្រឈមនឹងកត្តាអស្ថិរភាពមួយចំនួនផងដែរ ជាពិសេសគឺកម្លាំងមកពីក្រៅដែលមានចេតនាបង្កស្ថានការណ៍ប្រទូសប្រឆាំងនិងជម្លោះរវាងភាគីពាក់ព័ន្ធ។ ដូច្នេះ ការជជែកគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ការបង្កើនការស្វែងយល់និងប្រាស្រ័យគ្នាពិតជាមានសារៈសំខាន់ខ្លាំងណាស់។

លោកបានឱ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំនោះ លោកនាយករដ្ឋមន្ត្រី លី ឈាង បានលើកឡើងនូវគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើន រួមមានការបង្កើតបណ្តាញតភ្ជាប់បីវិមាត្រ ការពង្រីកកិច្ចសហប្រតិបត្តិការឧស្សាហកម្មកកើតថ្មី និង ធ្វើឱ្យការផ្លាស់ប្តូរវប្បធម៌និងប្រជាជននិងប្រជាជនកាន់តែស៊ីជម្រៅ។ ភាគីចិនរីករាយក្នុងការសហការជាមួយបណ្តាប្រទេសអាស៊ាន រួមគ្នាជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ ដើម្បីដាក់បញ្ចូលកម្លាំងចលករថ្មីសម្រាប់សន្តិភាពនិងវិបុលភាពតំបន់និងសកលលោក។

លោក វ៉ាង វិនពីន មានប្រសាសន៍ថា នៅក្នុងជំនួបទ្វេភាគី មេដឹកនាំចិននិងកម្ពុជាបានឯកភាពគ្នាជាឯកចន្ឆន្ទក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងល្បែងអនឡាញនិងការបោកប្រាស់តាមប្រព័ន្ធអេឡិចត្រូនិក។ ភាគីទាំងពីរយល់ឃើញថា ត្រូវតែប្រយុទ្ធប្រឆាំងដាច់ខាតជាមួយល្បែងអនឡាញនិងសកម្មភាពបោកប្រាស់តាមប្រព័ន្ថអេឡិចត្រូនិក ដើម្បីឱ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរអាចដំណើរការទៅបានដោយរលូននិងជោគជ័យ ធ្វើឱ្យទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរកាន់តែស៊ីជម្រៅជាមួយនឹងបរិយាកាសដ៏ល្អប្រសើរ។

លោកបានបន្ថែមទៀតថា ការប្រយុទ្ធប្រឆាំងល្បែងអនឡាញនិងសកម្មភាពបោកប្រាស់តាមប្រព័ន្ធអេឡិចត្រូនិកមិនត្រឹមតែជាបញ្ហារបស់ចិននិងកម្ពុជាប៉ុណ្ណោះទេ តែវាជាការឯកភាពរួមគ្នារបស់ប្រទេសក្នុងតំបន់ ដែលចលនាប្រយុទ្ធប្រឆាំងល្បែងអនឡាញនិងការបោកប្រាស់តាមប្រព័ន្ធអេឡិចត្រូនិកនៅបណ្តាប្រទេសក្នុងតំបន់កំពុងតែមានការកើនឡើងហើយ ជឿជាក់ថាបណ្តាប្រទេសក្នុងតំបន់នឹងបង្កើនកិច្ចសហប្រតិបត្តិការលើបញ្ហាប្រយុទ្ធប្រឆាំងល្បែងអនឡាញនិងសកម្មភាពបោកប្រាស់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរឡើងថែមទៀត៕


路过

雷人

握手

鲜花

鸡蛋
原作者: 百阙情话 来自: https://www.jianhuadaily.com/20241012/259065