• 柬埔寨资讯

ហ៊ុន ម៉ាណែត៖ កម្ពុជាដាច់ខាតមិនសហការ…

作者:奈何亦是泪 2024-10-16 12:30 903 人关注

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា កម្ពុជាមិនចូលរួមជាមួយយន្តការណាដែលមានចរិតនយោបាយប្រឆាំងនឹងប្រទេសណាមួយឬប្លុកណាមួយឡើយ កម្ពុជាបន្តធ្វើសមាហរណកម្មអន្តរជាតិដើម្បីបំពេញឱ្យគ្នាទៅវិញទៅមកលើគ្រប់វិស័យសេដ្ឋកិច្ច នយោបាយ និង សន្តិសុខជាដើម។

សម្ដេចធិបតីបានថ្លែងបែបនេះនៅក្នុងពិធីអបអរសាទរខួប ២០ ឆ្នាំដែលកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យន្តការជាច្រើនត្រូវបានបង្កើតឡើង ជាពិសេសនៅក្នុងតំបន់ តែយន្តការខ្លះជាប់ពាក់ព័ន្ធតិចតួចនឹងសេដ្ឋកិច្ច ប៉ុន្តែមានចរិតលក្ខណៈជានយោបាយ សន្តិសុខដែលអាចប៉ះពាល់ដល់នយោបាយអព្យាក្រឹត្យរបស់កម្ពុជា។ កម្ពុជាដាច់ខាតមិនចូលរួមជាមួយយន្តការណាដែលមានចរិតនយោបាយ បង្កើតឡើងដើម្បីប្រកួតប្រជែងឬប្រឆាំងជាមួយប្រទេសណាឬប្លុកណានោះទេ នេះជាគោលនយោបាយរបស់កម្ពុជាតាំងពីដើមមក ហើយនៅតែបន្តតទៅ។

សម្ដេចធិបតីបន្ថែមថា កម្ពុជាចូលជាមួយប្លុកឬយន្តការណាដែលមានទិសដៅរួមក្នុងការបង្កើតឡើងដើម្បីថែរក្សាសុខដុមណីយកម្ម សុខសន្តិភាព វិបុលភាពក្នុងតំបន់ ជំរុញការអភិវឌ្ឍរួមគ្នាក្នុងតំបន់ ជាពិសេសសេដ្ឋកិច្ច និង យន្តការដែលថែរក្សាសន្តិភាពនៅក្នុងតំបន់ ព្រោះកម្ពុជាត្រូវការសន្តិភាព ហើយសន្តិភាពផ្ទៃក្នុងប្រទេសត្រូវថែរក្សាឱ្យបាន ប៉ុន្តែសន្តិភាពតំបន់ក៏ចាំបាច់និងពាក់ព័ន្ធនឹងយើងដែរ។

សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាបានអនុវត្តតាមអភិក្រម «ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី» ដោយរាជរដ្ឋាភិបាលបានបន្តលើកកម្ពស់ការអនុវត្តនិងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងកម្រិតទ្វេភាគី តំបន់ និង ពហុភាគីដែលមានស្រាប់ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ, កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ រាជរដ្ឋាភិបាលក៏បានកំណត់ចេញនូវគោលការណ៍ស្វែងរកច្រកទីផ្សារនាំចេញឬដៃគូពាណិជ្ជកម្មសក្តានុពលថ្មីៗ ដោយជំរុញការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀត ដើម្បីពង្រីកទីផ្សារឱ្យមានលក្ខណៈរឹតតែទូលំទូលាយ។ សម្រាប់កម្ពុជាដែលជាសមាជិករបស់អង្គការសហប្រជាជាតិនិងជាសមាជិករបស់អាស៊ាន គឺចូលរួមជាមួយយន្តការណាដែលបានផ្ដល់ផលប្រយោជន៍ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព មិនបង្កើតឡើងដើម្បីប្រឆាំងនឹងប្រទេសណាឬប្លុកណា ហើយក៏មិនប្រកួតប្រជែង តែជាសមាហរណកម្មដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក ជាពិសេសជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា ការពង្រីកខ្លួនឯង ពង្រឹងលទ្ធភាពគ្រប់វិស័យរបស់កម្ពុជា ដើម្បីប្រទាក់ប្រឡាជាមួយគ្នា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា មិនត្រឹមតែយន្តការពាណិជ្ជកម្មទេ សូម្បីយន្តការសន្តិសុខឬការពារជាតិក៏ដោយ ឱ្យតែជាយន្តការដែលមានលក្ខណៈថែរក្សាសន្តិភាព ស្ថិរភាពតំបន់ ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន គឺកម្ពុជារីករាយនឹងចូលរួមសហការ តែបើបង្កើតដើម្បីប្រឆាំងជាមួយអ្នកនេះអ្នកនោះ គឺកម្ពុជាមិនចូលរួមជាដាច់ខាត៕


路过

雷人

握手

鲜花

鸡蛋
原作者: 奈何亦是泪 来自: https://www.jianhuadaily.com/20241014/259288