អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចាប់ផ្តើមឱ្យយន្តហោះ ហោះហើរសាកល្បងរយៈពេលប្រាំថ្ងៃ…
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចាប់ផ្តើមឱ្យយន្តហោះ ហោះហើរសាកល្បងរយៈពេលប្រាំថ្ងៃ ដើម្បីត្រៀមបើកប្រតិបត្តិការហោះហើរពេញលេញ ក្នុងអំឡុងពាក់កណ្តាលឆ្នាំ ២០២៥។ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលការហោះហើរសាកល្បងនឹងធ្វើឡើងនៅថ្ងៃទី ៨ រហូតដល់ថ្ងៃទី១២ ខែកញ្ញានេះ។វាគឺជាប្រតិបត្តិការដើម្បីពិនិត្យមើលផ្នែកបច្ចេកទេ និងឧបករណ៍ចាំបាច់មួយចំនួន ជាពិសេសឧបករណ៍នាំផ្លូវ និងប្រព័ន្ធវិទ្យុទាក់ទងជាដើម។ ឯកឧត្តមបញ្ជាក់ថា Fly test នេះ មិនតិចដងទេ គឺត្រូវធ្វើច្រើនដង គេប្រើយន្តហោះតូចមួយត្រូវឧបករណ៍ពិសេសសម្រាប់ហោះចុះឡើង ដើម្បីធានាថា ឧបករណ៍ទាំងអស់នេះធ្វើការប្រកបដោយសុវត្ថិភាព។ សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋានធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលមានលំដាប់ 4F និងអនុញ្ញាតឱ្យយន្តហោះខ្នាតធំបំផុតរបស់ពិភពលោក ដូចជា យន្តហោះប៊ូអ៊ីង ៧៤៧-៨០០ និងអ៊ែប៊ូស អេ៣៨០-៨០០ ចុះចតបាន។ យន្តហោះយក្សរបស់អាមេរិក និងរបស់អឺរ៉ុបទាំងពីរប្រភេទនេះ អាចផ្ទុកអ្នកដំណើរបានច្រើនជាង ៥០០នាក់។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់ថា ការសាងសង់អាកាសយានដ្ឋានថ្មីនេះ កំពុងដំណើរការនៅឡើយពោល ការសាងសង់បានជិត ៨៤ភាគរយ ដោយចំណាយថវិកាអស់ ១ ២២០លានដុល្លារ ក្នុងគម្រោងថវិកាសរុបចំនួន ១ ៥០០ លានដុល្លារអាមេរិក។ បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិក្រុងភ្នំពេញកំពុងដំណើរការនៅឡើយ។ អាកាសយានដ្ឋាននេះ នឹងត្រូវបិទទ្វារក្នុងអំឡុងត្រីមាសទី១ នៃឆ្នាំ ២០២៥ គឺនៅពេលដែលអាកាយានដ្ឋានថ្មីចាប់ផ្តើមដំណើរការ៕ |